គ្រាន់តែគេញញឹមរកម្ដង
ទ្រូងសៅហ្មង ញាប់ញ័រពេកក្រៃ
ចង់ដឹងណាស់ តើមកពីអ្វី?
បានជាស្រីរំភើបម្ល៉ឹងៗ។
ស្នេហា! នេះឬសេចក្ដីស្នេហា?
ស្នេហា! គួរខ្លាចសេចក្ដីស្នេហា
ស្នេហា! ខូចចិត្តក៏ព្រោះស្នេហា
ស្នេហា! យ៉ាងណាទើបដោះស្រាយបាន?
ស្នេហានាំអំពល់គ្រប់មុខ
បង្កទុក្ខរុករានពេញប្រាណ
ក្ដីសប្បាយដែលធ្លាប់តែមាន
អន្ដរធានវិនាសគ្មានសល់។
ស្នេហា! នេះឬសេចក្ដីស្នេហា?
ស្នេហា! គួរខ្លាចសេចក្ដីស្នេហា
ស្នេហា! ខូចចិត្តក៏ព្រោះស្នេហា
ស្នេហា! តើគួរប្រាថ្នាធ្វើអ្វី?
ខ្ញុំត្រូវវាងវាសចៀសឱ្យឆ្ងាយ
ព្រោះនឹកស្ដាយរូបកាយជាស្រី
បើធ្លាក់ផុងអន្លង់អប្រិយ
ខ្មាសលោកិយជាងអ្វីទាំងអស់។
ស្នេហ៍អបលក្ខណ៍ ឧបសគ្គគ្រប់យ៉ាង
នរណាសាងគឺពិតជាខុស
ជ្រុលខ្លួនហើយ មិនងាយនឹងដោះ
រងទុក្ខទោសអស់មួយជីវិត។
ស្នេហា! នេះឬសេចក្ដីស្នេហា?
ស្នេហា! គួរខ្លាចសេចក្ដីស្នេហា
ស្នេហា! ខូចចិត្តក៏ព្រោះស្នេហា
ស្នេហា! សូមសច្ចាមិនឱ្យយល់។
ឈប់ញញឹម ឱ្យខ្ញុំទន់ចិត្ត
ឈប់ប្រតិដ្ឋរឿងស្នេហ៍អកុសល
បើស្នេហានាំឱ្យអំពល់
តើចង់ស្គាល់បានផលអ្វីទៅ?
ស្នេហា! នេះឬសេចក្ដីស្នេហា?
ស្នេហា! គួរខ្លាចសេចក្ដីស្នេហា
ស្នេហា! ខូចចិត្តក៏ព្រោះស្នេហា
ស្នេហា! ខ្ញុំមិនប្រាថ្នាស្គាល់ទេ។